រូបភាព​ទាំង​៧​នេះ នឹងជួយ​​​ឲ្យយើង​យល់​អំពី​មូលហេតុ​​ដែលបណ្ដាល​​​ឲ្យ​យើង​ដាច់​ចេញ​ពី​ព្រះជា​ម្ចាស់នៃយើង និងផ្លូវដែល​យើង​អាច​ត្រលប់​មក​ផ្សះផ្សា​ជា​មួយ​នឹង​ទ្រង់​វិញ

ខ្មេរយើងបាន​ដឹង​តាំង​ពី​យូរលង់​ណាស់​មក​ហើយ​ថាមាន​ព្រះ​ដ៏​មាន​អំណាច​ព្រះចេស្ដា បាន​បង្កើត​សកលលោក​នេះ និង​របស់​សព្វសារពើ​ទាំង​អស់​មក ហើយ​ទ្រង់​ជា​ម្ចាស់​លើ​អ្វីៗទាំង​អស់​នោះផង។

ខ្មែរ​​យើង​​ក៏​ស្គាល់​ទាំងព្រះ​នាម​​របស់​ព្រះនេះ​ថា «ព្រះ​ជាម្ចាស់»។ ទ្រង់​គឺ​ជា​ម្ចាស់​ពិត​របស់​យើង ហើយ​យើង​​ជា​របស់​​ផង​ទ្រង់។ ព្រះ​ជាម្ចាស់​គង់​នៅ​គ្រប់​ទី​កន្លែង​ ហើយទត​ឃើញ​គ្រប់​ការ​ទាំង​អស់​ដែល​យើង​ធ្វើ និង​គិត។ ថ្ងៃ​ណា​មួយ​ យើង​​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ព្រះ​ជាម្ចាស់ ហើយ​រៀបរាប់​ពី​ដំណើរ​ជីវិត​​របស់​យើង​ទូល​ថ្វាយ​ទ្រង់។

ប៉ុន្តែ​ ធ្វើ​ដូចម្ដេច​ទើប​យើង​អាច​​ស្គាល់​ព្រះ​ជាម្ចាស់​​​នេះបាន​ បើ​ទ្រង់​​​មាន​គ្រប់​ទាំង​​​ព្រះ​ចេស្ដា​ ហើយ​មាន​ពេញ​ដោយ​ភាព​​បរិសុទ្ធ? តើ​យើង​អាច​ស្វែង​រក​ទ្រង់​​​បាន​ដោយ​របៀប​ណា​? តើ​យើង​អាច​ដឹង​ពីអ្វី​ដែល​ទ្រង់​សព្វ​​ព្រះទ័យ ឬ​ក៏​មិន​សព្វ​ព្រះ​ទ័យ​ដោយ​របៀប​ណា​? តើ​នៅ​ថ្ងៃ​ជំនុំជម្រះ​ ​ព្រះ​ជាម្ចាស់​នឹង​ទទួល​យើង ឬ​​ដាក់​ទោស​យើង?

ព្រះ​ជាម្ចាស់​បាន​ឆ្លើយ​សំណួរ​ទាំង​នេះ​ និង​សំណួរ​ជាច្រើន​ទៀត​នៅ​​ក្នុង «​ព្រះ​គម្ពីរ​​បរិសុទ្ធ​» ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ ទ្រង់​​​​មាន​បន្ទូល​នៅក្នុង​ព្រះ​គម្ពីរ​ថា ទ្រង់​បាន​​រៀបចំ​ផ្លូវ​មួយ​​​ដើម្បី​ឲ្យ​យើង​អាច​ស្គាល់ និង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​​នឹង​ទ្រង់ ដូច​ជា​​​កូនជិតស្និទ្ធ​នឹង​​ឪពុក​ម្ដាយ​យ៉ាង​ដូច្នោះ​ដែរ។ កូន​សៀវភៅ​នេះ ​​នឹង​ពន្យល់​​​អំពី​ដំណឹង​ល្អ​នេះ​ ដើម្បី​ឲ្យ​អ្នក​ក្លាយ​ទៅ​​ជា​កូន​ស្ងួនភ្ងា​​របស់​ព្រះ​ជា​ម្ចាស់​នៃ​យើង។​

ព្រះ​ដ៏​សប្បុរស និង​ពេញ​ដោយ​ព្រះ​ចេស្ដា បាន​បង្កើត​ចក្រវាល​យើង​នេះ។ ព្រះ​ក៏បាន​បង្កើត​មនុស្ស​មក ​ដើម្បីឲ្យ​​គ្រប់គ្រង​លើ​ផែនដី របស់​ទ្រង់។ គ្រប់​គ្នា និង​គ្រប់​អ្វីៗ​ទាំង​អស់​ គឺ​ជា​របស់​​ផង​ព្រះ​ជាម្ចាស់

ព្រះ​ជា​ម្ចាស់​មាន​បន្ទូល​នៅ​ក្នុង​គម្ពីរ​ថា ទ្រង់​អស្ចារ្យ​​ហួស​ពី​ការ​យល់​ដឹង​របស់​យើង។ ទ្រង់​គង់នៅ​​តាំង​ពី​អស់កល្ប​រៀង​មក គឺ​គ្មាន​ពេល​ចាប់​ផ្ដើម ហើយ​ក៏គ្មាន​ទី​បញ្ចប់​​ដែរ។ ទ្រង់​ខ្ពង់ខ្ពស់​ជាង​អ្វីៗ​ទាំង​អស់ ហើយ​មាន​គ្រប់​អំណាច​ព្រះ​ចេស្ដា។ ទ្រង់​គង់​នៅ​ដោយ​អំណាច​ព្រះចេស្ដា​របស់ទ្រង់​ផ្ទាល់ គឺ​ទ្រង់​មិន​ត្រូវ​ការនឹង​អ្វី​ ដើម្បី​ទ្រទ្រង់​ព្រះជន្ម​ទ្រង់​នោះ​ឡើយ។ ទ្រង់​​ជ្រាប​គ្រប់​ការ​ទាំង​អស់ ហើយគង់​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពេល​តែ​មួយ។ ព្រះ​ជាម្ចាស់​ល្អ​បរិសុទ្ធ និង​សុចរិត ទ្រង់​ស្រឡាញ់​គ្រប់​ទាំង​ការ​ល្អ ហើយ​ទ្រង់​ត្រូវដាក់ទោស​​គ្រប់​ទាំង​ការ​អាក្រក់។ ប៉ុន្តែ​ ព្រះ​ជាម្ចាស់​ជា​ព្រះនៃ​សេចក្ដី​​ស្រឡាញ់ មេត្តាករុណា និង​ប្រោសប្រណី។ ព្រះ​ជាម្ចាស់​​ល្អ​បំផុត មាន​ព្រះចេស្ដា​បំផុត និង​មាន​ព្រះ​ប្រាជ្ញាញាណ​លើស​អ្វីៗ​ទាំង​អស់។ ទ្រង់​ជា​ម្ចាស់​គ្រប់គ្រង​ និង​ជា​មហាក្សត្រ​ដ៏​ល្អ​បំផុត​លើ​ជីវិត​របស់​យើង។

នៅ​កណ្ឌ​គម្ពីរ​វិវរណៈ ៤:១១ បាន​សម្ដែង​ថា «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​​សិរី​ល្អ កិត្តិនាម និង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក​ ហើយ​គឺ​ដោយ​បំណង​ព្រះហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក​ ហើយ​មាន​នៅ​ផង»។

ដំបូង​ព្រះ​ជាម្ចាស់​បាន​បង្កើត​វិញ្ញាណយ៉ាង​ច្រើន ​​ដែលធម្មតា​មនុស្ស​​មើល​មិន​ឃើញ​​ឡើយ ​យើង​ហៅ​ថា ពួក​ទេវតា។ ទ្រង់​បាន​បង្កើត​ពួក​ទេវតា​មក ​ឲ្យ​មាន​​អំណាច​ សិរីរុងរឿង និង​​ភាព​បរិសុទ្ធ ដើម្បី​​ឲ្យពួក​គេ​អាច​បំពេញ​ព្រះហឫទ័យ​ព្រះ​ជាម្ចាស់​នៅឯ​​ស្ថានដ៏ខ្ពស់បំផុត។ (នៅ​​ក្នុង​រូបភាពទី​១ខាងលើ​​​​ យើង​ឃើញពួក​ទេវតា​​កំពុង​លុតជង្គង់​​ថ្វាយបង្គំ​ព្រះជាម្ចាស់)។

បន្ទាប់​មក ព្រះជា​ម្ចាស់​បាន​បង្កើត​​ចក្រវាល និង​របស់​សព្វ​​បែប​យ៉ាង​នៅក្នុង​ចក្រវាល។ សូម​ក្រឡេក​មើល​ជុំវិញ​អ្នក ធម្មជាតិ​ទាំង​អស់​​ដែល​អ្នក​បាន​ឃើញ គឺ​ជា​ស្នាព្រះហស្ត​របស់​ព្រះ​ជាម្ចាស់។ ប៉ុន្តែ​ របស់​ដែល​ពិសេស​ជាង​គេ​បំផុត ​ដែល​ទ្រង់​បាន​បង្កើត​មក គឺ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ដំបូង ដែល​មាន​ឈ្មោះ​ថា អ័ដាម និង អេវ៉ា។ ទ្រង់​បាន​បង្កើត​មនុស្ស​មក​ឲ្យ​ខុស​ប្លែក​ពី​សត្វ ដោយ​ប្រទាន​ឲ្យ​មនុស្ស​​មាន​លក្ខណៈ​ខ្លះដូច​ព្រះ​ជាម្ចាស់ ដូច​ជា​គំនិត​ប្រាជ្ញា អារម្មណ៍ ភាសា និង​សេចក្ដី​ស្រឡាញ់ជា​ដើម។ ព្រះ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​មនុស្ស​អាច​ស្គាល់​​និង​ស្រឡាញ់​ទ្រង់ ស្ដាប់និង​និយាយ​ជាមួយ​ទ្រង់ ធ្វើ​តាម​និង​បម្រើ​ទ្រង់។ ការស្គាល់ និងការ​​ស្រឡាញ់​ព្រះ​ជាម្ចាស់ គឺ​ជា​គោលដៅដ៏​ធំជាង​គេបំផុត​​សម្រាប់​ជីវិត​មនុស្ស​យើង។

ព្រះ​ជាម្ចាស់​បាន​ប្រគល់​ឲ្យ​មនុស្ស​គ្រប់គ្រង​ និង​សោយរាជ្យ​លើពិភពលោក​នេះ។ ​កិច្ចការ​នេះ​មិន​ពិបាក​ទេ ពី​ព្រោះ​​កាល​ដើម​ដំបូង​​នោះ​គ្មាន​អំពើបាប ជំងឺ ​សេចក្ដី​ស្លាប់ ការ​ឈឺ​ចាប់ ការ​លែងលះ ការ​កុហក និង​ការ​សម្លាប់​គ្នានោះ​​ឡើយ។ ដូច​អ្នក​បាន​ឃើញ​ក្នុង​រូប​ភាព​ខាង​លើ​នេះ​ស្រាប់ អ័ដាម និង​អេវ៉ាជាទីគាប់​ព្រះហឫទ័យ​ដល់​ព្រះ​ជាម្ចាស់ ហើយរស់​នៅ​ក្នុង​ពន្លឺ​​ដ៏​ល្អ​របស់​​ទ្រង់ ហើយ​​និងមាន​សន្តិភាព​​ជាមួយ​គ្នា និង​ជាមួយ​​ព្រះ​ជាម្ចាស់។ តើ​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​​សប្បាយ​យ៉ាង​ណា​ទៅ​ហ្ន៎!

ប៉ុន្តែ​ តើមាន​អ្វី​បាន​កើត​ឡើង? ហេតុ​អ្វី​បាន​ជា​ពិភពលោក​សព្វ​ថ្ងៃនេះ​​មិន​ដូច​ជា​គ្រា​ដំបូង​នោះ?

យើង​ទាំង​អស់​គ្នា​បាន​បដិសេធ​ព្រះ​ជា​ម្ចាស់ ដែល​ជា​មហាក្សត្រ​ដ៏​ពិត ហើយ​ថែមទាំង​​បាន​ចូល​រួម​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​ទ្រង់​ផង។

ជាដំបូង ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ ដែល​ឥឡូវ​យើង​ហៅ​ថា អារក្ស​សាតាំង បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​​ (រូប​នាគ​នៅ​ទំព័រ​ខាងស្ដាំ​​នេះ​តំណាង​ឲ្យ​​សាតាំង) ​ទេវតាមួយ​ចំនួន​ទៀត​ក៏​បាន​ចូល​រួម​នឹង​សាតាំង​ដែរ ទេវតា​ទាំង​នេះ​បាន​ក្លាយ​ទៅ​ជា​​វិញ្ញាណ​អាក្រក់​ទាំង​ឡាយ ដែល​យើង​ហៅ​ថា ព្រាយបិសាច អារុក្ខអារក្ខ​ អ្នក​តា​នោះ​ឯង។ ពួក​វាទាំង​អស់​​ជា​​សត្រូវ​នឹង​ព្រះ​ជាម្ចាស់ ហើយ​​​ប្រឆាំង​នឹង​ផែន​ការល្អ​​របស់​ទ្រង់​ជានិច្ច។ តែ​វិញ្ញាណ​កុហក​​បោកប្រាស់​ទាំង​នេះ ​មិន​អាច​យក​ឈ្នះ​លើ​ព្រះ​ជាម្ចាស់​បាន​ឡើយ ​ពី​ព្រោះ​ព្រះ​មាន​គ្រប់​អំណាច​ព្រះចេស្ដា។ ប៉ុន្តែ​ ពួក​វា​អាច​ប្រើ​អំណាច​របស់​វា​ ដើម្បី​​ព្យាយាម​ត្រួតត្រា​​លើ​មនុស្ស និង​របស់​ផ្សេងៗ​ដែល​ព្រះ​បាន​បង្កើត​មក។

ព្រះ​គម្ពីរ​​បានប្រាប់យើងទៀតថា បន្ទាប់​មក អារក្ស​សាតាំងបាន​ល្បួង​អ័ដាម និង​អេវ៉ា ដែល​ជា​ឪពុក​ម្ដាយ​ដំបូង​របស់​យើង ឲ្យ​ចូល​រួម​ក្នុង​ការ​បះបោរ​​ទាស់​​នឹង​ព្រះ​ជាម្ចាស់។ វា​បាន​កុហក​ពួក​គាត់ថា ការ​​បះបោរ​ទាស់​នឹង​​ព្រះ​ មិន​នាំ​ឲ្យ​មាន​សេចក្ដី​ស្លាប់ និង​​សេចក្ដី​វេទនា​ ដូច​ដែល​​ព្រះ​បាន​ព្រមាន​​មុន​នោះ​ទេ តែនឹង​​នាំ​ឲ្យ​មាន​ចំណេះ​ដឹង​ដូចជា​ព្រះ ​សុភមង្គល​ និង​អំណាច​ចេស្ដា​វិញ។ ដូច្នេះ​​ អ័ដាម និង​អេវ៉ា​​​បាន​សម្រេច​ចិត្ត​ជឿ​តាមការ​កុហក​របស់​​សាតាំង​ ដោយ​ពួកគាត់​សង្ឃឹម​ថា ​​អាច​ធ្វើ​ជា​​ម្ចាស់​លើ​ខ្លួន​ឯង។ តែ​តាម​ពិត​​ ពួក​គាត់​​​បាន​ប្រគល់​សិទ្ធិ​គ្រងរាជ្យ​​លើ​ផែនដី​នេះដល់​អារក្សសាតាំង ហើយធ្លាក់ក្នុង​កណ្ដាប់​ដៃ​របស់វា​​វិញ។

សូម្បី​តែ​សព្វ​ថ្ងៃ​នេះ​ក្ដី មនុស្ស​គ្រប់ជាតិ​សាសន៍​ទាំង​អស់​មិន​​ចង់​ឲ្យ​ព្រះ​​ជាម្ចាស់​​គ្រប់គ្រង​លើ​ពួក​គេ​ទេ។ យើង​ម្នាក់ៗ​​ក៏​បាន​ចូល​រួម​នឹង​ការ​បះបោរ​របស់​សាតាំង​ដែរ។ ​យើង​បដិសេធ​មិន​ចង់​បាន​​ព្រះ​ជាម្ចាស់​​ធ្វើ​ជា​មហាក្សត្រ​លើ​យើង​ទេ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពិភពលោក​​មាន​ពេញ​​ទៅ​ដោយ ​សង្គ្រាម ការ​លែងលះ ការ​ផិតក្បត់ ការ​មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ ការ​ថ្វាយ​បង្គំ​រូប​ចម្លាក់ ការ​ប្រមឹក ​និង​ការ​លោភលន់​ជាដើម។ អំពើ​បាប​ដ៏​អាក្រក់​​ជាង​គេ​របស់​យើង គឺ​យើង​​មិន​ព្រម​គោរព​ និង​​​​ដឹង​គុណ​​ដល់​ព្រះ​ជាម្ចាស់​ឡើយ សូម្បីតែ​យើង​ដឹង​​ថា គឺទ្រង់​ហើយ ដែលបានបង្កើត​របស់​សព្វសារពើ​​ទាំង​អស់​មក​ក៏ដោយ។ យើង​ចង់​បាន​របស់​ដែល​ព្រះ​បាន​បង្កើត​មក​ ប៉ុន្តែ​មិន​ចង់​បាន​​ព្រះ​ដែល​បាន​បង្កើត​របស់​ទាំង​នោះ​ឡើយ។ អ្វី​ដែល​កាន់​តែ​អាក្រក់​ទៅទៀត​នោះ គឺ​យើង​យក​របស់​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​​មក ទៅ​សែន​ដល់​វិញ្ញាណ​អាក្រក់​ទាំង​ឡាយ ​ដែល​ជា​សត្រូវ​របស់​ព្រះ​ទៅវិញ។ ការ​បដិសេធ​​ព្រះជាម្ចាស់​​នេះ​ហើយ ដែល​ព្រះ​រាប់ថា «បាប»។ ដូច​រូបភាព​​ខាងលើបាន​បង្ហាញ​ស្រាប់ ឥឡូវ​មនុស្ស​យើង​ស្ថិតនៅ​ក្នុង​ភាព​ងងឹត ដាច់​ចេញ​ពី​ព្រះ​ជាម្ចាស់ ហើយ​ស្ថិត​នៅ​ក្រោមការ​ត្រួតត្រា​របស់អារក្ស​សាតាំង និង​ពួក​បរិវារ​របស់​វា។

តើ​ព្រះ​មាន​បន្ទូល​​ដូចម្ដេច ​ចំពោះ​យើង​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ទ្រង់? ទ្រង់​មាន​បន្ទូល​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រលប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង» (កណ្ឌ​គម្ពីរ ​​រ៉ូម ៣:១០-១២)។

តើ​ព្រះជាម្ចាស់​​បណ្ដោយ​ឲ្យ​ការ​បះបោរ​របស់​យើង​​នៅ​​តែ​បន្ត​​រហូត​ឬ?

ព្រះ​ជាម្ចាស់​​​​នឹង​បញ្ចប់​ការ​បះបោរ ហើយ​ដាក់​ទោស​ដល់​អ្នក​បះបោរ​ទាំង​អស់។

ប្រសិន​បើ​ស្ដេច​​មួយ​អង្គ​ជ្រាប​ថា​ មាន​ការ​បះបោរ ប៉ុន្តែ​​ទ្រង់​អត់​ចាត់ការ​អ្វី​សោះ នោះ​យើង​នឹង​​គិតថា ទ្រង់​​​​មិន​​ស្រឡាញ់​ប្រទេសជាតិ ហើយមិនគោរព​អង្គ​ទ្រង់​ផ្ទាល់​​ឡើយ។ ​តែ​ព្រះ​ជាម្ចាស់​​​វិញ ទ្រង់​បាន​កាត់​ទោស​សាតាំង​ភ្លាមនៅ​ពេល​វា​បះបោរ ដោយ​បណ្ដេញ​វា និង​ពួក​អារក្ស​របស់​វា ចេញ​ពី​ព្រះវត្តមាន​ទ្រង់​។

ព្រះ​ជា​ម្ចាស់​ក៏​បាន​​កាត់ទោស​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​ភ្លាម​ដែរ នៅ​ពេល​ពួក​គាត់​ចូល​រួម​នឹង​​ការ​បះបោរ​​របស់​សាតាំង។ ដូចដែល​យើង​ឃើញ​នៅ​ក្នុង​រូប​ភាព​ខាង​ស្ដាំ​នេះស្រាប់ ឥឡូវ​មនុស្ស​លោក​រស់​នៅ​ក្នុង​ភាព​ងងឹត ​ដាច់​ចេញ​ពី​ព្រះ​ជាម្ចាស់ ដោយ​សារ​តែ​បាប​របស់​​ខ្លួន ហើយ​ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​​ដ៏​អាក្រក់​របស់​សាតាំងទៀតផង។ (នៅក្នុង​​​រូបភាព​នេះ បាប​របស់​​យើង​ប្រៀប​ដូច​ជា​ជញ្ជាំង​ដ៏​ធំ​​ ហើយ​ខ្ពស់​ ខណ្ឌ​រវាង​យើង និង​ព្រះ​ជាម្ចាស់)។

ការ​បះបោរ​របស់​យើង​ទាស់​នឹង​ព្រះ​ជាម្ចាស់​បាន​នាំ​មក​នូវ​ការ​ឈឺចាប់ និង​ការ​អាក្រក់​យ៉ាង​ច្រើន​​ដល់​ពិភពលោក​នេះ ព្រមទាំង​​​​ការ​មើលងាយដល់​​ព្រះ​ជាម្ចាស់ទៀត។ ​​ដោយហេតុ​នោះហើយ បាន​ជា​​ទ្រង់​ត្រូវ​តែ​ដាក់​ទោស។ ហើយ​ការ​ដាក់​ទោស​​ដែល​ព្រះ​បាន​​សម្រេច​​នោះ គឺ​​សម​​នឹង​បាប​ដែល​​យើង​បាន​ធ្វើ​​។ តើ​​សម​យ៉ាង​ម៉េច? នៅ​ពេល​យើង​បះបោរ គឺ​ប្រៀបដូច​ជា​យើង​និយាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ថា «យើង​មិន​ព្រម​ឲ្យ​ទ្រង់​​សោយរាជ្យ​លើ​យើង​ទេ យើង​ចង់​គ្រប់គ្រង​ជីវិត​ដោយ​ខ្លួន​ឯង ចូរ​ថយចេញ​ឲ្យ​ឆ្ងាយ​ទៅ»។ ដូច្នេះ​​ ព្រះ​ប្រទាន​​តាម​ការ​​​​ទាមទារ​ចង់​បានរបស់យើង​​ គឺ​យើង​ដាច់​ចេញ​ពី​ព្រះ​ជារៀងរហូត។

ក៏ប៉ុន្តែ​ដោយ​ព្រោះ​ព្រះ​ជាម្ចាស់​ គឺ​ជា​ប្រភព​នៃ​ជីវិត និង​​ប្រភព​នៃការ​ល្អ​ទាំង​អស់ ដូច្នេះ​ការ​ដាច់​ចេញ​ពី​ព្រះ​ជាម្ចាស់ គឺនាំ​​ឲ្យ​សេចក្ដី​​ស្លាប់ និង​សេចក្ដី​វេទនា​ចូល​មក​ផែន​ដី ដូច​ដែល​ព្រះ​ជាម្ចាស់​បាន​​ព្រមាន​រួច​មក​ហើយ មិន​មែន​​នាំ​ឲ្យ​មាន​ប្រាជ្ញា ការ​អរ​សប្បាយ និង​សេរីភាព​ដូច​ដែល​សាតាំង​បានកុហក​​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​តែងតែ​មាន​បន្ទូល​​ពិត​ជានិច្ច។ អ័ដាម និង​អេវ៉ា​បាន​បាត់​បង់​ទំនាក់ទំនង​ជិតស្និទ្ធ​​​​ជាមួយ​​នឹង​ព្រះ​​ជាម្ចាស់​ភ្លាម។ ការ​ដាច់​ចេញ​ពី​ព្រះ​នេះ​ហើយ ​ជា​​សេចក្ដី​ស្លាប់​ពិត​ប្រាកដ ដែល​​នាំឲ្យ​​​រូបកាយ​​របស់​មនុស្ស​​លោក​គ្រប់​គ្នា​​​ត្រូវ​ស្លាប់​ដែរ។ មិនតែ​ប៉ុណ្ណោះ ​ចុង​ក្រោយ​​មនុស្ស​លោក​​ត្រូវ​​ទទួលទោស ដាច់​ចេញ​ពី​ព្រះ​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ស្ថាននរក (ពណ៌ក្រហម​នៅ​ក្នុង​រូបភាព​ទី​៣ខាងលើ តំណាង​ឲ្យ​ស្ថាននរក)។ ព្រះ​ជាម្ចាស់​បាន​បង្កើត​ស្ថាននរក​ ដើម្បី​ដាក់ទោស​អស់កល្ប​ជានិច្ច​ ចំពោះអារក្ស​សាតាំង និង​ពួក​បរិវារ​របស់​វា។ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ចូល​រួម​នឹង​ការ​បះបោរ​របស់​សាតាំង ក៏​នឹង​ត្រូវ​ទទួលទោសនៅ​កន្លែង​នោះ​ដែរ។ សេចក្ដី​សម្រេច​នេះ​យុត្តិធម៌​ណាស់។

ព្រះ​គម្ពីរ​ចែង​ថា ​ព្រះ​ជាម្ចាស់​ «បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១ដង រួច​សឹម​ជាប់​សេចក្ដី​ជំនុំជម្រះ» (កណ្ឌ​​គម្ពីរ​ ហេព្រើរ ៩:២៧)។

បើដូច្នេះ តើ​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​​​យើង​ដែល​ជា​អ្នក​បះបោរ​ដែរ​ឬ​ទេ? ប្រាកដ​ជា​​មាន! បន្ទាប់​ពី​អ័ដាម​ និង​អេវ៉ា​បាន​ធ្វើ​បាប ព្រះ​ជាម្ចាស់​បាន​សន្យា​ជា​​ច្រើន​កន្លែង​ក្នុង​ព្រះ​គម្ពីរ​ថា ថ្ងៃ​ណា​មួយ ​ទ្រង់​នឹងចាត់​​អ្នក​សង្គ្រោះ​​​ឲ្យ​មក ដើម្បី​បំផ្លាញ​អារក្ស​សាតាំង និង​ពួក​បរិវារ​របស់​វា រំដោះ​មនុស្ស​ចេញ​ពី​អំពើ​បាប និង​សេចក្ដីស្លាប់ ហើយ​នាំ​​មនុស្ស​​ត្រលប់​មក​ឯ​ព្រះជាម្ចាស់​​វិញ។

ដោយសារ​ព្រះ​ជាម្ចាស់​ស្រឡាញ់​យើង ទ្រង់​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​​មកផែនដី ដើម្បី​លោះ​​យើង​ចេញ​ពីបាប ពី​សាតាំង និង​​សេចក្ដី​ស្លាប់។

ព្រះ​ជា​ម្ចាស់​មិន​បាន​បោះបង់​ចោល​យើង​ទៅ​តាម​អំពើ​បាប និង​ការ​បះបោរ​របស់​យើង​នោះ​ទេ។ នៅ​ក្នុង​ព្រះ​គម្ពីរ ទ្រង់​បាន​សន្យា​ម្ដងហើយ​ម្ដង​ទៀត​ថា នឹង​ចាត់​ស្ដេច​ដ៏​ពិត​មួយ​អង្គ​មក ដើម្បី​សង្គ្រោះ​យើង​​ពី​អំពើ​បាប​របស់​យើង។

កាល​ពី​​ជាង២០០០ឆ្នាំ​មុន ព្រះជាម្ចាស់​​បានចាត់​ព្រះ​រាជ​បុត្រា​របស់ទ្រង់​ដែល​​​ជា​​ព្រះ​អាទិករ ឲ្យ​​មក​ប្រសូត​​ជា​មនុស្ស​នៅ​ប្រទេស​អ៊ីស្រាអែល​ ដែល​ស្ថិតនៅ​ទ្វីប​អាស៊ី​​ខាងលិច។ ទ្រង់​មានព្រះ​​នាម​ថា ព្រះយេស៊ូវ​គ្រីស្ទ។ យេស៊ូវ មាន​ន័យថា «ព្រះ​អង្គ​សង្គ្រោះ»។ គ្រីស្ទ សំដៅ​ទៅ​ស្ដេច​​សាសន៍អ៊ីស្រាអែល ​ដែល​ព្រះ​បាន​សន្យា​​នឹង​ចាត់​មក ដើម្បី​​​សង្គ្រោះ​មនុស្ស​លោក។

ព្រះ​យេស៊ូវ​បាន​ចុះចូល​នឹង​ការ​គ្រប់គ្រង​​របស់​ព្រះ​ជាម្ចាស់​ទាំង​ស្រុង មិន​ដែល​បះបោរ​ដូច​ជា​យើង​រាល់​គ្នា​ឡើយ។ ដូច​រូបភាព​នៅខាង​​ស្ដាំ​​​នេះ​​បាន​បង្ហាញ​ស្រាប់ ទ្រង់​​រស់​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ជាម្ចាស់​ជានិច្ច មិនដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹតនៃបាប​ឡើយ។ ទ្រង់​ធ្វើ​តាម​សេចក្ដី​បង្គាប់​​ទាំង​អស់​របស់​ព្រះ​ជាម្ចាស់​ ដែល​អ្នក​ហើយ​និង​ខ្ញុំ​​​តែងតែ​បាន​រំលង ដូចជា «កុំ​ឲ្យ​​ថ្វាយ​បង្គំ​រូប​ចម្លាក់​ឲ្យ​សោះ ត្រូវ​ស្ដាប់​បង្គាប់​ឪពុកម្ដាយ ត្រូវ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត កុំ​ឲ្យ​កុហក​ឲ្យ​សោះ កុំ​លួច​ឲ្យ​សោះ កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ កុំ​ផិត​ក្បត់​ឲ្យ​សោះ និង​ កុំ​លោភលន់​ឲ្យ​សោះ» ព្រះយេស៊ូវ​មិន​ដែល​ធ្វើ​បាប​​ឡើយ សូម្បី​តែ​បាប​តូច​មួយ។

នៅ​ពេល​យើង​អាន​អំពី​ឆាក​ជីវិត​របស់​ព្រះយេស៊ូវ​ នៅ​ក្នុង​​ព្រះ​គម្ពីរ​បរិសុទ្ធ យើង​ឃើញ​ថា ទ្រង់​មាន​សិទ្ធិ​​អត់​ទោស​​បាប​ដល់​​មនុស្ស។ ទ្រង់​​ក៏​បាន​សម្ដែង​​ព្រះ​ចេស្ដា​របស់​ទ្រង់​​លើ​ជំងឺ និង​សេចក្ដី​ស្លាប់ ដោយ​ប្រោស​មនុស្ស​​ឈឺ​ឲ្យ​បានជា​ឡើង​វិញ ហើយ​ថែម​ទាំង​​ប្រោស​មនុស្ស​​​ស្លាប់ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញផងដែរ។ ទ្រង់​បាន​សម្ដែង​​ព្រះ​ចេស្ដា​របស់​ទ្រង់​លើ​ពួក​អារក្ស ហើយ​និង​ធម្មជាតិ។ ហេតុ​អ្វី​បាន​ជា​ពួក​អារក្ស និង​ធម្មជាតិ ព្រម​ទាំង​សេចក្ដី​ស្លាប់​ផង​ ត្រូវស្ដាប់​បង្គាប់​ទ្រង់​ដូច្នេះ? ពី​ព្រោះ​ព្រះ​យេស៊ូវ​​ គឺ​ជា​អ្នកបង្កើត​ពិភពលោក ដែល​បាន​យាង​មក​ផែន​ដី​នេះ ដើម្បី​សង្គ្រោះ​យើង។ គ្រប់​របស់​សព្វសារពើ និង មនុស្ស​​ទាំង​អស់​​ត្រូវ​តែ​ស្ដាប់​បង្គាប់​ទ្រង់​។

យោងតាម​ព្រះ​គម្ពីរ​របស់​ព្រះ​ នេះ​គឺ​ជា​គោល​បំណង​របស់​ព្រះ​យេស៊ូវ​ ក្នុង​ការ​យាង​មក​ផែន​ដី​នេះ គឺព្រះ​យេស៊ូវ​ «បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់​បង់» (កណ្ឌ​​គម្ពីរ​ លូកា ១៩:១០)។

តើ​ព្រះ​យេស៊ូវ​​សង្គ្រោះ​យើង​ដែល​មាន​ពេញ​ដោយ​អំពើ​បាប ​ដោយ​របៀប​ណា?

ព្រះយេស៊ូវ​បានលោះ​យើង ដោយ​សុគត​ជំនួស​យើង។

នៅ​ពេល​​ព្រះ​យេស៊ូវ​​​មាន​ព្រះជន្ម​ប្រហែល​ជា​៣៣ព្រះវស្សា នោះ​ទ្រង់​បាន​បណ្ដោយ​​ឲ្យ​​មនុស្ស​អាក្រក់​ចាប់​ទ្រង់ ហើយ​ធ្វើ​គុត​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង។ ហេតុ​អ្វី​បាន​ជា​រូបភាព​​នេះ​​បង្ហាញ​ថា ព្រះ​យេស៊ូវ​ដែល​គ្មាន​បាប​សោះ ត្រូវ​សុគត ​ហើយ​ដាច់​ចេញ​ពី​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ភាព​ងងឹត​​ដូច្នេះ? គឺ​យើង​ទេដែលសម​នឹង​ទទួល​ការ​នោះ ចុះហេតុអ្វី​​បាន​ជា​ព្រះយេស៊ូវ​​ទទួល​​​ទៅ​វិញ?

ចម្លើយ​ដ៏​អស្ចារ្យ​​គឺ ព្រះ​យេស៊ូវ​បាន​​សុគតជំនួស​យើង ដើម្បី​សង្គ្រោះ​យើង តាម​​ផែនការ​របស់​ព្រះ​ជាម្ចាស់​! នៅ​លើ​ឈើ​ឆ្កាង​ ព្រះ​យេស៊ូវ​​សុខ​ចិត្ត​លះបង់​​ព្រះជន្ម​ទ្រង់​ទទួល​យក​គ្រប់​ទាំង​ការ​ដាក់​ទោស​ពី​ព្រះ​ជាម្ចាស់​ ដែល​យើង​សម​នឹង​ទទួល ​ដោយ​សារ​បាប​របស់​យើង។ ព្រះ​យេស៊ូវ​ដ៏​សុចរិត​បាន​​ទទួល​ទោស​ជំនួស​មនុស្ស​ទុច្ចរិត ដូច​ជា​អ្នក ​និង​ខ្ញុំ។ នៅ​លើ​ឈើ​ឆ្កាង ​ព្រះយេស៊ូវ​បានទទួលការ​ដាច់​ចេញ​ពី​ព្រះ​ជាម្ចាស់​​ជំនួស​យើង ដើម្បី​កុំ​​ឲ្យ​យើង​ត្រូវ​ដាច់​ចេញ​ពីព្រះ​ជាម្ចាស់​នៅស្ថាននរកជារៀង​រហូត​នោះ​ឡើយ។ នៅ​លើ​ឈើ​ឆ្កាងព្រះយេស៊ូវ​បាន​យក​ឈ្នះ​​លើ​អំពើ​បាប សេចក្ដី​​ស្លាប់ និង​​អារក្ស​សាតាំង​ ដោយ​ការ​សង​​ថ្លៃ​ទោស​នៃ​អំពើ​បាប​ជំនួស​​យើង​។ ទ្រង់​បានរុះ​​​ជញ្ជាំង​​ចេញ គឺ​ជាជញ្ជាំងនៃ​អំពើ​បាប​របស់​យើង​ ដោយ​​យក​បាប​ទាំង​អស់​នោះ​មក​ដាក់​លើ​អង្គ​ទ្រង់​ផ្ទាល់ ដើម្បី​ឲ្យ​យើង​ត្រលប់​មកឯ​​ព្រះ​ជាម្ចាស់​បាន​។ ទ្រង់​ធ្វើ​ការ​ទាំង​អស់​នេះ​ដោយ​ព្រោះ​តែ​សេចក្ដី​ស្រឡាញ់​​ដ៏​ធំ​ក្រៃលែង​​របស់​ទ្រង់​ចំពោះ​យើង។

ព្រះ​​ជាម្ចាស់​មាន​បន្ទូលយ៉ាង​ច្បាស់​​ក្នុង​ព្រះ​គម្ពីរ​​​​ថា «ព្រះ​គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្ដង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រងទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ» (កណ្ឌ​​គម្ពីរ ​១ពេត្រុស​ ៣:១៨)។

ក្រោយ​ពី​ព្រះ​យេស៊ូវ​បាន​សុគត ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​បានបញ្ចុះ​សព​ទ្រង់ និង​កាន់​ទុក្ខ​​ទ្រង់។

តើ​​ដំណើររឿង​បាន​ចប់​ត្រឹម​នោះ​ឬ? តើ​​ស្ដេច​ដែល​សុគត ហើយ​​នៅ​តែ​សុគត​រហូត​ អាច​សង្គ្រោះ​យើង​​ពី​ទោស​នៃអំពើ​បាប​របស់​យើង ​និង​​ផ្សះផ្សាយើង​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​បាន​ដែរ​ឬ​ទេ?

ព្រះយេស៊ូវ​បាន​យកជ័យជម្នះ​លើ​សេចក្ដី​ស្លាប់ ដោយ​ទ្រង់​រស់​ពី​សុគត​ឡើង​វិញ។ ទ្រង់​គឺ​ជា​មហាក្សត្រ​​ដ៏​ពិត​នៃ​ពិភពលោក​នេះ ហើយ​ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត ​​ដើម្បី​ជំនុំជម្រះ​មនុស្ស​លោក​ទាំង​អស់។

មុន​ព្រះ​​យេស៊ូវ​សុគត ទ្រង់​​បាន​ប្រាប់​ពួកសិស្ស​​ទ្រង់​​ជា​ច្រើន​ដង​ថា មនុស្ស​អាក្រក់​នឹង​ធ្វើ​គុត​ទ្រង់ តែ​បី​ថ្ងៃ​ក្រោយមក​ ទ្រង់​នឹងរស់​​ពី​សុគតឡើង​វិញ។ ព្រះ​ជាម្ចាស់​មិន​ដែល​កុហក​ឡើយ។ គឺ​ពិត​ណាស់​ ​បី​ថ្ងៃ​ក្រោយ​​មក ព្រះ​ជាម្ចាស់​បាន​ប្រោសព្រះកាយ​​ព្រះ​យេស៊ូវ​ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញមែន ដើម្បី​​បង្ហាញ​ថា ព្រះ​យេស៊ូវ​បាន​ឈ្នះ​លើ​​សេចក្ដី​ស្លាប់​ និង​​​អារក្ស​សាតាំង ហើយ​​​បាន​សង​​ថ្លៃ​ទោស​នៃ​អំពើ​បាបរបស់​យើង​​​រួចរាល់​ហើយ។ ក្រោយពីរស់ឡើងវិញ ព្រះយេស៊ូវ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​សាក្សីរាប់រយ​នាក់ ហើយ​បាន​បង្រៀន​ពួក​សិស្ស​រយៈ​ពេល​៤០ថ្ងៃ​ទៀត។ បន្ទាប់​មក​ទ្រង់​ត្រលប់​ទៅ​គង់​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់​​នៅ​ឯ​ស្ថានដ៏ខ្ពស់បំផុត គឺ​​​ទ្រង់កំពុងសោយរាជ្យ​លើ​ពិភពលោក​​នេះ​ រហូត​ដល់​​រាជ្យ​របស់​ទ្រង់​បាន​រីក​សាយទៅ​ដល់​គ្រប់​ជាតិសាសន៍ និង​គ្រប់​ប្រទេស។ ថ្ងៃ​ណា​មួយ​​​​ ទ្រង់​​នឹង​យាង​មក​វិញ​ម្ដង​ទៀត ដើម្បី​ជំនុំ​ជម្រះ​ដល់​មនុស្ស​គ្រប់​​គ្នា​​ និងគ្រប់​ជាតិសាសន៍​ទាំង​អស់ផង។

មុន​ពេល​ទ្រង់​​យាង​ត្រលប់​មក​វិញ​ ដំណឹង​ល្អ​អំពី​ការ​សុគត ការ​រស់​ឡើង​វិញ និង​ការសោយរាជ្យ​​របស់​ព្រះ​យេស៊ូវ ត្រូវ​ប្រកាស​ដល់​គ្រប់​​ប្រទេស និង​គ្រប់​ភាសា។ ព្រះ​គ្រីស្ទ​បង្គាប់​​ដល់​មនុស្ស​គ្រប់​ជាតិសាសន៍​ឲ្យ​កែ​ប្រែ​ចិត្ត​ពី​​បាប​របស់​ខ្លួន ហើយ​ជឿ​​ទុក​ចិត្ត​លើ​ទ្រង់។ ប្រសិន​បើ​អ្នក​​ត្រលប់​មក​ចុះចូល​ចំពោះ​ទ្រង់ ហើយ​ជឿទុក​ចិត្ត​លើ​​ទ្រង់ នោះ​​ទ្រង់​នឹង​​អត់​ទោស​​​បាបរបស់​អ្នក​ទាំងអស់​​​​​ ហើយ​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​​ដល់​អ្នក។ ជំនួស​ឲ្យ​ការ​ធ្វើ​ជា​អ្នក​បះបោរ អ្នក​នឹង​ត្រលប់​ជា​កូន​របស់​ព្រះ​ជាម្ចាស់​វិញ ហើយ​ចូល​ក្នុង​ក្រុមគ្រួសារ​របស់​ទ្រង់។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​នឹង​យាង​មក​គង់​ក្នុង​អ្នក ហើយ​នឹង​មិន​ចាកចេញ​ពី​អ្នក​ឡើយ។ សាតាំង និង​ពួកអារក្ស​របស់​វា នឹង​មិន​អាច​ត្រួតត្រា​លើ​អ្នក​​ទៀត​បាន​ឡើយ។ ហើយ​នៅ​ពេល​​ព្រះគ្រីស្ទ​យាង​មក​ជំនុំជម្រះ​មនុស្ស​លោក នោះ​អ្នក​នឹង​បាន​សង្គ្រោះ​រួច​ពី​សេចក្ដី​ក្រោធ​របស់​​​ព្រះ​ជាម្ចាស់។​

មនុស្ស​​បះបោរ​ មិន​សម​​ទទួល​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សង្គ្រោះ​បែប​​នេះទេ។ អ្នក​គ្មាន​បុណ្យ​កុសល​ល្មម ដើម្បី​ដោះដូរ​យក​ការ​អត់ទោស និង​ជីវិត​អស់​កល្ប​នោះ​ឡើយ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​សេចក្ដី​សង្គ្រោះ​​ជា​អំណោយ​ទទេ​ដល់​អ្នក ពីព្រោះ​ទ្រង់​ស្រឡាញ់​អ្នក។

ដោយសារ​ព្រះ​យេស៊ូវ​​បាន​រស់​ពី​សុគត​ឡើង​វិញ ព្រះ​គម្ពីរ​បាន​ចែង​ថា «ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ» (កណ្ឌ​​គម្ពីរ ១ពេត្រុស ១:៣)។ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ» (កណ្ឌ​គម្ពីរ យ៉ូហាន ៣:១៦​)។

ដំណឹង​ល្អ​នេះ​នាំ​​អ្នក​មក​ដល់​ផ្លូវ​​បំបែក​​​ដ៏​ធំ​​ក្នុង​ជីវិត​អ្នក។

មាន​ផ្លូវ​តែ​ពី​រ​​ដែល​អ្នក​ត្រូវ​​ជ្រើសរើស​ គឺ​ផ្លូវ​នៃ​ជីវិត ឬផ្លូវ​នៃ​សេចក្ដីស្លាប់

ផ្លូវ​នៃ​សេចក្ដី​ស្លាប់៖ គឺ​អ្នក​បដិសេធ​មិន​ព្រម​ទទួល​យក​ព្រះ​ជា​ម្ចាស់ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​អ្នកឡើយ ហើយអ្នកនៅ​តែចង់​​​​គ្រប់​គ្រង​​លើ​ជីវិត​​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ ផ្លូវ​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​វេទនា​ដល់​ជីវិត​​របស់​អ្នក​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឲ្យ​អ្នក​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​​របស់អារក្ស​សាតាំង ហើយ​ចុង​បំផុត​នៃ​ផ្លូវ​នេះ​ គឺ​ជា​សេចក្ដី​ស្លាប់ និង​ការ​ដាច់​​ចេញ​ពី​ព្រះ​ជាម្ចាស់​អស់កល្ប​ជានិច្ច​ទៅ​ក្នុង​ស្ថាននរក។ ប៉ុន្តែ​​ ដំណឹងល្អ​​របស់​ព្រះ​យេស៊ូវ​នាំ​ឲ្យ​​មាន​ជម្រើស​មួយ​ទៀត។

ផ្លូវ​នៃ​ជីវិត៖ បើ​​អ្នក​ចុះចូលចំពោះ​ព្រះ​ជាម្ចាស់ ដែល​ជាព្រះ​ដ៏​ពិត​​លើ​​​​ផែនដី​នេះ​ ហើយ​ទុកចិត្ត​លើ​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ នោះ​​ព្រះ​ជាម្ចាស់​​សន្យា​នឹង​​អត់​ទោស​គ្រប់​​ទាំង​អំពើ​បាប​របស់​អ្នក​ ទាំង​បាបពី​អតីតកាល បច្ចុប្បន្ន​កាល និង​អនាគតកាល ហើយ​និង​រំដោះ​អ្នក​ចេញ​ពី​អំណាច​របស់​អារក្ស​សាតាំង ព្រមទាំង​​ប្រទាន​អំណោយ​នៃ​ជីវិត​អស់កល្ប​ជានិច្ច​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់ផង​ដែរ។ ​កុំ​​សង្ឃឹម​ថា​ អ្នក​អាច​សង​ទោស​នៃ​អំពើ​បាប​របស់​អ្នក​ ដោយ​សារ​បុណ្យ​កុសល​របស់​អ្នក​នោះ​ឡើយ។ មនុស្ស​​មានបាប ប្រៀបដូចជាអ្នកកំពុង​លង់​ទឹក ដែលមិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ គឺ​ត្រូវ​ការ​អ្នក​សង្គ្រោះ។ មាន​តែ​ព្រះយេស៊ូវ​មួយ​អង្គ​​គត់​ដែល​​សន្យា​ថា នឹង​សង្គ្រោះ​អ្នក​ចេញ​ពី​បាប សេចក្ដី​ស្លាប់ អារក្ស​ និង​ស្ថាននរក។ ចូរ​កែប្រែ​ចិត្ត​​ពីអំពើ​​បាប និង​ការ​បះបោរ​របស់​អ្នក​ ហើយ​ត្រលប់​មក​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​វិញ នោះ​ទ្រង់​នឹង​សង្គ្រោះ​អ្នក។

ដូច្នេះ តើ​អ្នក​អាច​ផ្សះផ្សា​នឹងព្រះជាម្ចាស់​​ឥឡូវ​នេះ​បាន ​ដោយ​របៀប​ណា? អ្នក​ត្រូវ​​ប្រែ​ចិត្ត​ពី​អំពើបាប​របស់​អ្នក​ ហើយ​ជឿ​លើ​ព្រះយេស៊ូវ។

តើ​ការ​ប្រែ​ចិត្ដ​ពី​អំពើ​បាប​របស់អ្នកមាន​ន័យ​ដូចម្ដេច?

បើ​​អ្នកទើបនឹង​ប្រែចិត្ត ហើយ​ជឿលើ​ព្រះយេស៊ូវ​ តើ​អ្វី​ទៅ​ជា​ជំហាន​បន្ទាប់?

នៅពេល​អ្នក​​​ជឿ​លើព្រះ​យេស៊ូវ នោះ​អ្នកត្រូវបានរួបរួមជាមួយ​នឹង​ព្រះ​យេស៊ូវ ហើយក៏ត្រូវបាន​​ផ្សះផ្សាជា​មួយនឹង​​ព្រះ​​ជា​ម្ចាស់ផងដែរ។ ឥឡូវ​នេះ​​​​​ទ្រង់​​​គង់​នៅ​ក្នុង​អ្នក​ដោយ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​​ ដូច្នេះ​​អ្នក​អាច​រស់​នៅ​ក្នុង​របៀប​ថ្មី ដែល​​គាប់​ព្រះហឫទ័យដល់​​ព្រះ​ជាម្ចាស់។

មហាក្សត្រ​តែងតែមាន​ច្បាប់​។ ហើយ​គ្រប់​ទាំង​ច្បាប់​របស់​ព្រះ​ជាម្ចាស់ គឺ​សម្រាប់​ជា​សុភមង្គល និង​សេចក្ដី​អំណរ​ដល់​អ្នក។ អ្នក​នឹង​ឃើញ​ព្រះហឫទ័យ​របស់​ព្រះ​ជាម្ចាស់​​យ៉ាង​​ច្បាស់​លាស់​នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ​ ដូច្នេះ​សូម​​រក​ព្រះ​គម្ពីរ​មួយ ហើយ​រៀន​អំពី​​ព្រះហឫទ័យ​របស់​​​​មហាក្សត្រ​យេស៊ូវ។​

ព្រះ​ជាម្ចាស់​បាន​ប្រទាន​ចិត្ត​​ថ្មី​ដល់​គ្រីស្ទបរិស័ទ​គ្រប់​​គ្នា​ ជា​ចិត្ត​ដែល​ចង់​ស្ដាប់​បង្គាប់​តាមទ្រង់។ តែ​នៅ​ក្នុង​ជីវិត​​ថ្មីនេះ​ អ្នក​នឹង​មិន​អាច​ស្ដាប់​បង្គាប់​បាន​យ៉ាង​ល្អ​ទាំង​ស្រុង​នោះ​ទេ។ ​នៅ​ពេល​អ្នកភ្លាត់​​​ធ្វើ​ខុស (ប្រហែល​ជា​រាល់​ថ្ងៃ) នោះ​អ្នក​ដឹង​ថា​អ្នក​នៅ​តែ​ជា​កូន​របស់​ព្រះ ហើយ​ព្រះ​នៅ​តែ​ស្រឡាញ់​អ្នក។ អ្នក​ត្រូវ​​សារភាព​ចំពោះ​ទ្រង់​ភ្លាម​ នៅ​ពេលអ្នក​ភ្លាត់​ដួល​ ហើយ​ទ្រង់​តែងតែ​អត់​ទោស​ដល់​អ្នក​ដោយ​សារ​ព្រះ​យេស៊ូវ។ បន្ទាប់​មក ​ចូរ​​បន្ត​ដើរ​​ទៀត​នៅ​លើ​ផ្លូវ​ព្រះ​ជាម្ចាស់​។ ចូរ​នៅ​តែ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ​អស់​មួយ​ជីវិត។ កុំឲ្យ​ទុក​ចិត្ត​លើ​អ្វី ឬក៏​អ្នក​ណា​ផ្សេង​ទៀត ដើម្បី​​សង្គ្រោះ​អ្នក​ចេញ​ពី​បាប សេចក្ដី​ស្លាប់ និង​សាតាំង ក្រៅ​ពី​ព្រះ​ជាម្ចាស់​នោះ​ឡើយ ។

ចូរ​​ចូល​ជាសមាជិក​ក្នុង​​ក្រុមជំនុំ​មួយ ដែល​ជា​​ក្រុម​​គ្រួសារ​របស់​អ្នក។ ដោយ​​អ្នក​​​ជឿ​លើព្រះ​យេស៊ូវ ឥឡូវ​ព្រះ​ជាម្ចាស់​គឺ​ជា​​បិតា​របស់​អ្នក ហើយអ្នក​គឺ​ជាសមាជិក​នៃ​គ្រួសារ​ថ្មី​​​របស់ព្រះដែល​ហៅ​ថា ពួក​ជំនុំ​នៃ​ព្រះ​យេស៊ូវ។ អ្នក​ត្រូវ​ចូលរួម​ប្រជុំ​ជា​មួយ​បងប្អូន​ថ្មី​​​របស់​អ្នក​រៀងរាល់​អាទិត្យ ដើម្បី​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅ​មក អធិស្ឋាន​ទៅ​ព្រះជាម្ចាស់ ថ្វាយ​បង្គំ​ទ្រង់ ​ស្ដាប់​ព្រះ​បន្ទូល​របស់​ទ្រង់ ​តស៊ូ​ជា​មួយ​គ្នា​​នៅពេល​មាន​ការ​បៀត­បៀន ហើយ​ធ្វើ​តាម​ច្បាប់​ធំ​ពីរ​របស់​ព្រះ គឺ​ស្រឡាញ់​ព្រះជាម្ចាស់ និង​ស្រឡាញ់​គ្នា​ ដូច​ព្រះ​យេស៊ូវ​បាន​ស្រឡាញ់​យើង​​ដែរ។ អ្នក​មិន​អាច​ដើរ​តែ​ម្នាក់​ឯង​​​តាម​ផ្លូវ​ថ្មី​នេះបាន​ទេ។ អ្នក​ត្រូវ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​​មួយ​ដែល​បង្រៀន​​សេចក្ដី​ពិត ហើយ​ស្រឡាញ់​​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​ព្រះ​យេស៊ូវ​យាង​មក​វិញ។